ធ្លាប់តែញ៉ាំនំបញ្ចុកសម្លការីសាច់មាន់​ ថ្ងៃនេះសាកធ្វើនំបញ្ចុកសម្លការីសាច់ជ្រូកម្តងមើល​ រសជាតិឆ្ងាញ់ប្លែកយ៉ាងណា

គ្រឿងផ្សំ៖ 1- សាច់មាន់ ឬសាច់គោ ឬសាច់ទា សាច់ជ្រូក 3Kgs 2- គ្រឿងបុក(ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម សម្បកក្រូចសើច)1វែកសម្ល 3- គ្រឿងការីគ្រប់មុខ(ផ្កាចាន់ ឈើអែម ប្រេងគ្រាប់ការីក្រហម ម្ទេសឆ្អើរចិញ្ច្រាំ) មួយមុខបន្តិចៗ 4- ស្លឹកក្រូចសើច2ទៅ3សន្លឹក 5- កាពិឆៅ 1ស្លាបព្រាកាហ្វេ 6- ខ្ទិះដូងដើម 200g 7- បន្លែការីគ្រប់មុខ(ដំឡូងបារាំង ឬដំឡូងជ្វា ខ្ទឹមបារាំង សណ្តែកកួរ ត្រប់វែង)មួយមុខបន្តិច 8- សណ្តែកដីលីង ញីសម្បកចេញ បុកទក់ៗ 9- អំបិល 1ចឹប 10- ទឹកត្រី 1ស្លាបព្រាបាយ 11- ស្ករស 2ទៅ3ស្លាបព្រាបាយ 12- ប្រេងខ្យង 1ស្លាបព្រាកាហ្វេ 13- ម្សៅស៊ុបខ្នរ ឬរ៉តឌី 1ចឹប 14- ទឹកស៊ីអ៊ីវ 1ស្លាបព្រាកាហ្វេ 15- ទឹកស៊ុប ឬទឹកធម្មតា 2លីត្រ 16- ប្រេងឆា 5ស្លាបព្រាបាយ។

វិធីធ្វើ៖ 1-សាច់ និងបន្លែ លាង កាប់ ហាន់ ចិត រួចទុកសាច់មួយឡែក បន្លែមួយឡែក។ 2- ដាំខ្ទះឲ្យក្តៅ ចាក់ប្រេងឆា ដាក់ស្លឹកក្រូចសើច បំពងវាឲ្យឈ្ងុយ ដាក់កាពិ គ្រឿងការីគ្រប់មុខ ដាក់គ្រឿងបុកដាក់សាច់លីងវាត្រឡប់ទៅម៉ោឲ្យជាប់ក្លិនឈ្ងុយសព្វសាច់ សឹមចាក់ខ្ទិះដូងដើមចូល ដាក់អំបិល ទឹកត្រី ស្ករស ប្រេងខ្យង ម្សៅស៊ុបរ៉តឌី ឬខ្នរ ទឹកស៊ីអ៊ីវ ដាំវាឲ្យពុះ ដាក់បន្លែគ្រប់មុខចូល។

3- ចាក់ទឹកស៊ុប ឬទឹកធម្មតាចូលបន្ថែមទុក ឲ្យពុះ 4- ពេលវាពុះ ដាក់សណ្តែកដី រួចភ្លក្សមើល ថែមថយរសជាតិតាមចំណូលចិត្ត។សម្គាល់៖ – សាច់ដែលយកមកស្លការី ត្រូវតែទិញសាច់ ដែលស្វិត ទើបស្លទៅវាមិនរលួយវ៉ល់។ – សម្លការីសម្រាប់ញ៉ាំជាមួយនំបញ្ចុកគេមិន ដាក់ដំឡូងឬបន្លែច្រើនមុខពេកទេ។ – សម្លការីសម្រាប់ញ៉ាំជាមួយបាយ ឬញ៉ាំជាមួយនំបុ័ង គេប្រើបន្លែច្រើនមុខ។ – គួរកុំស្លខាប់ពេក ឬរាវពេក – បើមានអារម្មណ៍ថាទ្រលាន់ ពេលដួសញ៉ាំ លោកអ្នកអាចច្របាច់ក្រូចឆ្មារចូល ប្រភព៖Diamond Tree Property។