កំពុងបើករថយន្តសុខៗ ស្រាប់តែប្រទះឃើញសត្វពស់ថ្លាន់មួយក្បាល ក្នុងរថយន្តជាមួយ

ភ្នំពេញ ៖ បុរសម្នាក់ ភ័យអស់ប្រលឹង ខណៈកំពុងបើកបររថយន្តតាមផ្លូវសុខៗ ស្រាប់តែឃើញពស់ថ្លាន់មួយក្បាល នៅក្នុងរថយន្តជាមួយ ទើបបើករថយន្តចូលទៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍ កាលពីវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមបងប្រុសម្នាក់បានឲ្យដឹងថា គ្រាដែលបើករថយន្តចេញមកពីផ្ទះ នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ចុះចៃដន្យអ្វីសត្វពស់ថ្លាន់សង្ងំនៅក្រោមពូក ជ្រុលដំណើរហើយ មានតែបើករថយន្តចូលទៅសាលាសង្កាត់ចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋជួយចាប់យកចេញវិញ ប្រគល់ឲ្យអាជ្ញាធរសង្កាត់ ដើម្បីរងចាំប្រគល់ជូនអភិរ័ក្សសត្វព្រៃ។

ជួបជាមួយភ្នាក់ងារអភិរ័ក្សសត្វព្រៃ ក្រោយពីទទួលដំណឹង ចាប់បានពស់ថ្លាន់ហើយ លោកបានឲ្យដឹងថា សត្វពស់ថ្លាន់មួយក្បាលនេះ ជាលើកទី១០៤ហើយ សម្រាប់ខណ្ឌពោធិ៍សែនជ័យចាប់បាន ហើយរាល់ការចាប់បាន តែងតែយកទៅប្រលែង ទុកនៅតំបន់ភ្នំតាម៉ៅ ជាកន្លែងដែលមានសុវត្តិភាព៕ ប្រភព៖ Town News