របៀបធ្វើអន្សមជ្រូកស្លឹកតយពងទាប្រៃ ពិសេសឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ:-អង្ករដំណើប ៩០០ក្រាម -ស្លឹកតយ -ស្ករស ១ស្លាបព្រាកាហ្វេ -អំបិល ១ស្លាបព្រាកាហ្វេ(ប្រឡាក់សាច់) ដាក់ក្នុងអង្ករ(កន្លះ) -សាច់ដូងកោស ១ចានចង្កឹះ -ខ្ទិះដូង កន្លះចានចង្កឹះ -សាច់ជ្រូកបីជាន់ ៤០០ក្រាមហាន់ដុំមូលវែងតូចជាង ឬប៉ុនកូនដៃ -ស្នូលពងទាប្រៃ -ម្រេច កន្លះស្លាបព្រាកាហ្វេ -ខ្ទឹមស ៣កំពឹសដំឲ្យបែក -ប៊ីចេង ១ចិប -ស្លឹកចេក ១ដុំ ហាលឲ្យស្រពាប់ ឬស្រស់ទឹកក្តៅឲ្យទន់ -សណ្តែកលឿង ៣៥០ក្រាម -ខ្សែចំណង ១ដុំ។

វិធីធ្វើ:1.មុនដំបូងយកសណ្តែកមកដាក់ត្រាំទឹកទុកឲ្យរីក (ប្រហែល ១-២ម៉ោង) ក្រោយពេលដែលរីកស្រង់ទុកឲ្យសោះទឹក។ 2.យកសាច់ជ្រូកបីជាន់មកប្រឡាក់គ្រឿង អំបិល ម្រេច ស្ករស ប៊ីចេង និងខ្ទឹមស ទុកវាឲ្យចូលជាតិគ្រឿង។ 3.កិនស្លឹកតយបន្ទាប់មកយកអង្ករដំណើបដាក់ត្រាំទឹកមួយសន្ទុះ ស្រង់យកមកវិញទុកឲ្យសោះទឹកបន្តិចទើបយកមកលាយជាមួយ ខ្ទិះដូង នឹង ស្លឹកតយដែលកិនរួច សាច់ដូង និងអំបិល លាយច្របល់បញ្ចូលគ្នាឲ្យសប់។ 4.យកស្លឹកចេកមកដាក់រៀប បន្ទាប់មកដាក់អង្ករ ១វែកបាយទៅលើស្លឹកចេករួចវាចឲ្យស្មើដាក់សណ្តែកកន្លះវែកដូចគ្នា បន្ទាប់មកទៀតយកសាច់ជ្រូកបីជាន់ ស្នូលពងទាប្រៃ ដាក់ពីលើ រួចហើយយកសណ្តែកដាក់រោយពីលើសាច់ជ្រូកបន្តិចៗទៀត ។

5.ចាប់ផ្តើមវេចខ្ចប់វាជារាងវែងដោយយកស្លឹកចេកសងខាងមកផ្អិបជាប់គ្នារួចហើយមូរបញ្ចូលគ្នា យកចំណងចងចំកណ្តាលមួយសិន បន្ទាប់មកធ្វើការបង្ហាប់អង្ករសងខាងរួចកាច់បត់វាម្តងម្ខាងៗ។ 6.ពេលដែលកាច់បត់សងខាងហើយត្រូវយកខ្សែចំណងមកចងជាកង់ៗ ត្រូវចងចំណងសងខាងឲ្យជាប់ បន្ទាប់ពីចងរួចរាល់អស់ហើយត្រូវយកនំទៅដាក់ស្ងោរដាក់ទឹកឲ្យលិចនំ។ នៅពេលដែលស្ងោរនំទឹកពុះត្រូវមើលប្រសិនបើទឹករាងសន្តកត្រូវថែមទឹករហូតទាល់តែនំឆ្អិន ប្រភព៖ Good foods។