អាជ្ញាធរអនុញ្ញាត ឱ្យអ្នកលក់នំបញ្ចុកព្រះដាក់ បើកលក់ឡើងវិញ ក្រោយតេស្តពីរដងអវិជ្ជមាន

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យអ្នកលក់នំបញ្ចុក នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកលក់ដូរឡើងវិញហើយ បន្ទាប់ពីពួកគាត់ធ្វើតេស្តចំនួនពីរដងទទួលលទ្ធផលអវិជ្ជមាន។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានយកលិខិតស្តីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញកន្លែងលក់នំបញ្ចុកនៅភូមិព្រះដាក់ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។ លោកអភិបាលស្រុកបានសម្តែងការអបអរសាទរជាមួយអ្នកលក់នំបញ្ចុកនេះ ដែលទទួលបានលទ្ធផលអវិជ្ជមាន។

បើទោះបីជាយ៉ាងណា លោកអភិបាលស្រុក បានណែនាំដល់អ្នកលក់នំបញ្ចុកទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តន៍តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ជាពិសេសនោះ ត្រូវអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ «៣កុំ និង៣ការពារ»។

សូមបញ្ជាក់ថា កន្លែងលក់នំបញ្ចុកនៅភូមិព្រះដាក់ នេះ ត្រូវបានអាជ្ញាធរចុះផ្អាកការលក់កាលពីថ្ងៃទី២៦ ខែមីនា បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ម្នាក់។ ពួកគាត់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយការធ្វើតេស្តសុខភាពចំនួនពីរដង គឺមិនមានវិជ្ជមានជំងឺកូវីដ១៩នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews