ប្រទេសថៃរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១,៥៤៣នាក់ទៀត» សម្រាប់ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៥៤៣នាក់ទៀតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដោយក្នុងនោះមានតែ ០៣នាក់់ប៉ុណ្ណោះ ជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

ករណីឆ្លងក្នុងស្រុកទាំង ១,៥៤០ករណីត្រូវបានរាយការណ៍ចេញពីខេត្ត-ក្រុងចំនួន ៦២ ក្នុងចំណោមខេត្ត-ក្រុងទាំង ៧៧ របស់ប្រទេសថៃ។ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃហៅកាត់ថា CCSA បានគូសបញ្ជាក់ថា តំបន់ដែលត្រូវបានរកឃើញករណីឆ្លងជំងឺនេះច្រើនជាងគេគឺ ទីក្រុងបាងកកចំនួន ៤០៩នាក់, ខេត្តឈៀងម៉ៃចំនួន ២៧៨នាក់, ខេត្តឈុនបុរីចំនួន ៩៨នាក់ និងខេត្តប្រាជួបគិរីខាន់ចំនួន ៩៨នាក់។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣៧,៤៥៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩៧នាក់ និងជាសះស្បើយឡើងវិញ ២៨,៣៨២នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួនជិត ៩,០០០នាក់។ បច្ចុប្បន្នខេត្តដែលទើបមានករណីឆ្លង COVID-19 ផ្ទុះឡើងខ្លាំងដូចជា ឈៀងម៉ៃ បានកែច្នៃមណ្ឌលពិព័រណ៍អន្តរជាតិដ៏ធំមួយ និងសាកលវិទ្យាល័យផងដែរ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺ COVID-19 ប្រមាណ ១,៤៦០នាក់ ជាតួលេខសរុបគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews