ឥណ្ឌាប្ដូរពីប្រទេសនាំចេញវ៉ាក់សាំងកូវីដ ក្លាយជាប្រទេសនាំចូលវិញម្ដង

(ញូដេលី)៖ បន្ទាប់ពីផ្ដល់ជាអំណោយ និងលក់វ៉ាក់សាំង COVID-19 រាប់លានដូសទៅក្រៅប្រទេស ឥណ្ឌាពេលនេះត្រូវប្រឈមមុខការខ្វះហើយបានក្លាយជា អ្នកនាំចូលវ៉ាក់សាំងវិញម្ដង ខណៈករណីឆ្លងកំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។ ឥណ្ឌាបានរាយការណ៍ពីករណីឆ្លង COVID-19 រហូតដល់ទៅលើស ២សែនករណីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយកំពុងបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាជនរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុក។

ប៉ុន្តែព្រមពេលជាមួយគ្នា ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២នៅលើលោកមួយនេះ បែរជាកំពុងខ្វះខាតវ៉ាក់សាំងទៅវិញ។ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តហាមឃាត់ការនាំចេញវ៉ាក់សាំងជាបណ្ដោះអាសន្នហើយ បានបញ្ជាទិញវ៉ាក់សាំង Sputnin V ពីរុស្ស៊ីដែលគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជន ១២៥លាននាក់។

គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាកការនាំចេញវ៉ាក់សាំងរបស់ឥណ្ឌាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លះដល់ការផ្គត់ផ្គង់់វ៉ាក់សាំង COVID-19 តាមយន្តការ COVAX ដឹកនាំដោយ អង្គការសុខភាពពិភពលោក ក៏ដូចជារំខានដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសក្រីក្រច្រើនជាង៦០ ជុំវិញពិភពលោក។ យន្តការ COVAX គឺពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់របស់ឥណ្ឌាដែលជាអ្នកផលិត និងនាំចេញវ៉ាក់សាំងធំជាងគេនៅលើពិភពលោក។ មកទល់នឹងពេលនេះ ឥណ្ឌាបាននាំចេញវ៉ាក់សាំងត្រឹមតែ ១.២លានដូសតែប៉ុណ្ណោះ បើធៀបទៅនឹង៦៤លានដូស នៅចន្លោះពីចុងខែមករា ដល់ខែមីនាកន្លងទៅ៕ផ្តល់សិទ្ធិដោយ៖ Freshnews