WHO ព្រមានពីការកើនឡើងករណីឆ្លង និងស្លាប់យ៉ាងគំហុក ដោយសារកូវីដ-១៩នៅប្រេស៊ីល

(សៅប៉ូឡូ)៖ ក្រសួងសុខាភិបាលប្រេស៉ីល នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) បានរាយការណ៍ឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសនេះ បានកើនឡើងដល់ជាង ១៣,៣៧៣,០០០ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលប្រេស៉ីល បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៣,៣១៧ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ៣,៦៩៣នាក់ ក៏ត្រូវបានរាយការណ៍ដូចគ្នាដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤៨,៧១៨នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ដែលត្រូវបានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះ គឺជាចំនួនខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈអត្រាឆ្លងប្រចាំថ្ងៃវិញ គឺស្ថិតនៅលំដាប់លេខ ២ បន្ទាប់ពីប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសប្រេស៉ីល បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនចំនួន ២២,១៧០,១០៨នាក់ហើយ ដែលស្មើនឹង ១០.៤៧ភាគរយនៃចំនួនប្រជាជនសរុប។ ទោះបីជាបែបនេះក្តី អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រទេសប្រេស៊ីល ចំពោះការគ្រប់គ្រងជំងឺ COVID-19 ព្រោះបច្ចុប្បន្នផ្ទៃក្នុងនៃរដ្ឋាភិបាលលោកប្រធានាធិបតី បូសូណារ៉ូ ហាក់កំពុងជួបប្រទះបញ្ហាមិនចុះសម្រុងគ្នាជាខ្លាំង ដែលជាហេតុនាំឲ្យមានការរាំងស្ទះដល់ប្រសិទ្ធភាព នៃការទប់ស្កាត់ការរាតត្បាតជំងឺនេះជារួម៕ ផ្តល់សិទ្ធិដោយ៖ freshnews