September 18, 2019

ករណីដូចគ្នា យុវជននៅកោះកុង សមត្ថកិច្ចវាយខ្នោះ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំណែកលោកអធិការរងផ្អាកការងារបណ្តោះអាសន្ន

ខេត្តកោះកុងកាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧.៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់ ភេទប្រុស បានថតវិដេអូកាន់ដាវ និយាយគំរាមសម្លាប់នៅក្នុងហ្វេសបុក នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ។ សមត្ថកិច្ចបានឃាត់ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ២-ឈ្មោះ វិត ឡាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ករណីនេះ កម្លាំងជំនាញបានសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។

ចំពោះករណីគំរាមសម្លាប់ដូចគ្នាវិញលោក ចាន់ ពៅ អធិការរង ដែលបានផ្ញើសារសម្លេងគំរាមសម្លាប់លោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ស្នងការនគរបាលរាជធានីបានដាក់ពិន័យលោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសម្រេចដាក់វិន័យជាលេីកទីមួយដល់លោកអធិការរងដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្នអោយមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ។ ជាជំហានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់។ ករណីនេះធ្វើឲ្យមហាជនចោទសួរថា ហេតុអ្វីបានគំរាមសម្លាប់ដូចគ្នា តែករណីនៅកោះកុងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ហើយ ករណីលោកអធិការរងបានត្រឹមទទួលវិន័យ?

យោងតាម​ក្រមព្រហ្មទណ្ឌ មាត្រា ២៣៣ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ខែតុលា ឆ្នាំ២០០៩ ការគំរាមកំហែង​សម្លាប់ វា​គឺជា​ការគំរាមកំហែង​ថា​នឹង​សម្លាប់។ កាលបើ​ការគំរាមកំហែង​នេះ ធ្វើឡើង​ម្តង​ហើយ​ម្តងទៀត ឬ​សម្តែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ ត្រូវ​ផ្ត​ន្តា​ទោស​ដាក់ពន្ធនាគារ​ពី ៦ (ប្រាំមួយ)ខែ ទៅ ២(ពីរ)ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១,០០,០០០(មួយ​លាន)រៀល ទៅ ៤,០០០,០០០ (បួន​លាន) រៀល។ ក្នុងន័យនេះ បុគ្គល​ទាំងឡាយណា ដែល​បាន​គំរាមកំហែង​គ្រប់​រូបភាព​ថា នឹង​សម្លាប់​បុគ្គល​ណា​ម្នាក់ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាដាច់ខាត៕